នាយករដ្ឋមន្ត្រី ប្រាប់កុំឲ្យរឹបអូស ទ្រព្យសម្បត្តិពលរដ្ឋ ដែលកំពុងជួបការលំបាក់ ដោយគ្រោះទឹកជំនន់

0
20

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ និងអធ្យាស្រ័យ តាមរយៈការពន្យា ឬបន្ថយការប្រាក់ជាដើម ចំពោះអ្នកមានការលិចលង់ដែលជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ជាពិសេសកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយ សង្រ្គោះប្រជាពលរដ្ឋ នៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាព ដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀស ប្រជាជនចេញពីកន្លែងរងគ្រោះអោយ បានដើម្បីជៀសវាងការ គ្រោះថ្នាក់ដល់អាយុជីវិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើស កម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ ជួយដល់បងប្អូនប្រជាលរដ្ឋ ដែលរងគ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។

សម្តេចតេជោ បានប្រាប់ឲ្យអាជ្ញាធរទាំងអស់ បង្កើនការយកចិត្ត ទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាត មើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋ នៅជាប់តាមផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំអោយមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួម អនុវត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះការលំការជាមួយគ្នា ក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញ ក្រោយពេលទឹកជំនន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here