ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវទឹកហូរគួចយកទៅបាត់ ខណៈនាំកូនប្រុសទៅមើលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ ពេលទឹកឡើងខ្លាំង បណ្តាលឲ្យបាក់រលំផ្ទះ ។ ហេតុការណ៍នេះបានកើទឡើង នៅចំណុចគល់ស្ពាន លេខ១ ក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមានឈ្មោះ ណាត លន អាយុជាង៥០ឆ្នាំ។ ក្រុមគ្រួសារនេះត្រូវបានសមត្ថកិច្ចជម្លៀស ទៅរកទីទួលសុវត្ថិភាពអស់ហើយ នៅតែជនរងគ្រោះ និងកូនម្នាក់ប៉ុណ្ណោះ។
កាលពីវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ទី១៨ ខែតុលា ជនរងគ្រោះបាននាំកូនទៅមើលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពាន ស្របពេលនោះទឹកហក់ឡើងខ្លាំង ធ្វើឲ្យផ្ទះគាត់បាក់ ហើយជនរងគ្រោះទាំង២នាក់ បានធ្លាក់ចូលទឹក តែភ្លាមៗនោះកូនប្រុសរបស់គាត់ បានតោងជាប់នឹងដើមឈើ ត្រូវបានគេសង្រ្គោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួន និងល់ងទឹកស្លាប់តែម្តង។
ដោយសារការព្យាយាមរបស់សមត្ថកិច្ច យកកាណូតស្វែងរកសពចំនួន២ថ្ងៃ លុះថ្ងៃទី២០ ខែតុលា សពជនរងគ្រោះត្រូវបានរកឃើញហើយ និងយកមកដាក់ទីទួលសុវត្ថិភាពដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។
បើតាមអាជ្ញាធរ ក្រុមគ្រួសារនៃសពមានជីវភាព ក្រីក្រសូម្បីតែលុយកាក់សម្រាប់ធ្វើបុណ្យក៏គ្មាន ហើយក្នុងបន្ទុកមានកូនច្រើនទៀត ប្រពន្ធបានតែអង្គុយយំ ហើយបានស្រែកថា គ្រួសារខ្ញុំក្រ តើមានលុយកាក់ឯណា សម្រាប់ធ្វើបុណ្យសពប្ដីនោះ។ តែយ៉ាងណាក៏ដោយ សម្រាប់គ្រួសារជនរងគ្រោះនឹងទទួលបាន ថវិកាដែលឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ក្នុងមួយសពចំនួន១០លានរៀល ព្រមទាំងការផ្តល់អំណោយ ជាបន្តបន្ទាប់ពីអាជ្ញាធរផងដែរ៕