ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជាបានលើកឡើងថា រហូតមកដល់ពេលនេះអ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀង ក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួន ៣៦នាក់ ហើយក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់១៩នាក់ ដែលជាចំនួនមួយច្រើនជាងគេ ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារ ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការ ជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា “ខេត្តបន្ទាយមានជ័យ មានការបាត់បង់ជីវិតដល់ទៅ ១៩នាក់ គឺច្រើនជាងគេនៅក្នុងក្របខណ្ឌទូទាំងប្រទេស តែរហូតមកដល់ពេលនេះ (អ្នកស្លាប់) ឡើងដល់ ៣៦នាក់” ៕