សមត្ថកិច្ចវាយខ្នោះ អ្នកលក់កាំភ្លើង តាមបណ្តាញសង្គម Facebook

0
30

ភ្នំពេញ៖ ដោយមានការណែនាំ លើកកំពស់រក្សាសន្តិសុខ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដែលមានការដឹកនាំផ្ទាល់ ពីឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងនៃការិយាល័យប្រឆាំងបទល្មើស ទូរគមនាគមន៍ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្សព្វផ្សាយ និងលក់កាំភ្លើងគ្រប់ប្រភេទ តាមបណ្ដាញសង្គម Facebook។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំការស្រាវជ្រាវ និងបង្ក្រាបករណីនេះបានបញ្ជាក់ថា ជនសង្ស័យនេះបានបង្កើត គណនី facebook ជាច្រើន ដែលសុទ្ធតែជា គណនីក្លែងក្លាយ ហើយបានធ្វើការផ្សព្វផ្សាយលក់កាំភ្លើងខ្លីទំនើបៗ, កាំភ្លើងបាញ់សត្វ និងកាំភ្លើងហ្គាសគ្រប់ប្រភេទ ដោយធ្វើការនាំចូលពីប្រទេសជិតខាង យកមកលក់ក្នុងទឹកដីកម្ពុជាតែម្ដង ។ ក៏ប៉ុន្តែក្នុងចំណោមគណនីយហ្វេសប៊ុក គេទាំងនេះមានគណនីយខ្លះគឺ ប្រើសម្រាប់បោកប្រាស់អ្នកទិញតែម្ដង គឺនៅពេលដែលកម្មង់ទិញឥវ៉ាន់ហើយ គេតម្រូវឲ្យអ្នកទិញវេរលុយឱ្យគេទាំងអស់ ហើយភាគច្រើនគេមិនបាន ផ្ដល់ទំនិញឲ្យនោះទេ។ បច្ចុបន្នកម្លាំងនគរបាលរបស់ នាយកដ្ឋានកំពុងរៀបចំនីតិវិធី បញ្ជូនជនសង្ស័យទៅតុលាការ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ជា ពៅ បានប្តេជ្ញាថា នឹងបន្តបោសសម្អាតការជួញដូរខុសច្បាប់ តាមប្រព័ន្ធបច្ចេកវិទ្យានេះបន្តទៀត និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលលេងតាមបណ្ដាញសង្គម រាយការណ៍មកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈផេករបស់នាយកដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here