ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈ ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រី Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោក Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការ យូណេស្កូ នាទីក្រុងប៉ារីស។
នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖
១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់ សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយលោកស្រីរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕




