ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សម្រេចបានក្នុងទំហំទឹកប្រាក់ សរុបជាង១១ពាន់លានដុល្លារ ធ្លាក់ចុះ៥ភាគរយ ក្នុងរយៈពេល៨ខែ ដោយគិតចាប់ពីខែមករា ដល់សីហា ឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ៨ខែឆ្នាំនេះ ការនាំចេញរបស់កម្ពុជា មានចំនួន១១,០៨៦ លានដុល្លារ ធ្លាក់ចុះ៥.៣៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។
ប្រភពបន្តថា មុខទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ (កាបូប) ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី, កង់, អង្ករ, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ, កៅស៊ូក្រែប, ស្ករអំពៅ, បន្លែ និងផ្លែឈើ, និងមុខទំនិញផ្សេងៗ ជាច្រើនទៀត។
ខណៈទំនិញដែលកម្ពុជាបាននាំចូល រួមមាន៖ វាយនភ័ណ្ឌ, សម្ភារៈសំណង់, ដែក, ស៊ីម៉ង់ត៍, ទឹក រួមទាំងទឹករ៉ែ និងទឹកមានឧស្ម័ន, ស្រាបៀរ និងស្រាចម្រុះ, រថយន្ដ, ផលិតផលឱសថ, ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬ ស្មៅ, គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី និងមុខទំនិញផ្សេងៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សរុប១៧,២១៥លានដុល្លារ កើនឡើង១៦.៧២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១៤,៧៤៨ លានដុល្លារ ខណៈការនាំចូល សរុប១៨,៥៩០ លានដុល្លារ ថយចុះ៧.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន២០,១៧១លានដុល្លារ៕