ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារអំពាវនាវចំនួន៥ចំណុច ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ទូទាំងប្រទេស។
សារអំពាវនាវរួមមាន៖
១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្ន ពីសត្វអាសិរពិសដែលវា បានទៅរស់នៅតាមដំបូលផ្ទះ ឬកន្លែងផ្សេងៗក្នុងផ្ទះ របស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ ដល់ជីវិត ហេីយសូមបន្តប្រកប របរចិញ្ចឹមជីវិត ដេីម្បីស្តារសេដ្ឋកិច្ច គ្រួសារឡេីងវិញ។
៤. សូមប្រជាពលរដ្ឋ ទាំងអស់ នាំគ្នាធ្វេីអំពេីល្អ ជួយយកអាសារគ្នា ជួយគ្នាទៅវិញទៅមក ព្រោះថាអំពេីល្អមិនចេះសាបសូន្យទេ។
៥. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សូមជម្រាបជូនថា សារអំពាវនាវ ខាងលេីនេះ គឺក្នុងឱកាសដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះកន្លងទៅ ហេីយនិងនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះទៀត ក្នុងឱកាសជួបជាមួយពលរដ្ឋរងគ្រោះចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៦ (ក្នុងចំណោមសង្កាត់ទាំង ៨) នៃខណ្ឌច្បារអំពៅ៕