ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលអំណោយជាថវិការ អង្ករ និងទឹកសុទ្ធ ពី
ក្រុមការងារយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជននានា ដើម្បីរួមចំណែកជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។
កាលពីនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា រួមមានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ផ្នែកក្រសួង-ស្ថាប័ន ផ្នែកគ្រឹះស្ថានសិក្សា និងសប្បុរសជនានា បានបន្តចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ដើម្បីចូលរួមចំណែកជួយ ដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះ ក្រុមការងារយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា អង្ករ និងទឹកសុទ្ធ ក្នុងការជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕