ត្រឹម៩ខែ ក្រសួងឃាត់យានយន្តដឹកលើសទម្ងន់ ជិត៦០ម៉ឺនគ្រឿង

0
8

ភ្នំពេញ៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ បានឃាត់យានយន្តលើសទម្ងន់កម្រិតកំណត់ជិត ៦០ម៉ឺនគ្រឿង ក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះចំនួនជាង ៥៧ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យចំនួនជាង ២.២០០ គ្រឿង។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត នៅថ្ងៃទី១៤ ខែតុលានេះ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា យានយន្តត្រួតពិនិត្យសរុបចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះមានយានយន្តដឹកថ្ម ដឹកខ្សាច់ ដឹកដី និងទំនិញផ្សេងៗទៀត។

លោកបន្តថា ក្នុងចំណោមយានយន្តទាំងនោះមាន យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១,៥៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៥៧៥.៨៥៦ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២.២៤៧ គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩ គ្រឿង។

លោក សេង ឈួន បន្ថែមថា ជាទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here