បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

0
7

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង  អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ១លើក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ៖

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៣,៥០២ ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ ក្រាម, ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨ គីឡូក្រាម), អាវុធខ្លីធុន K54 ចំនួន១ដើម បង់១, គ្រាប់ចំនួន៨គ្រាប់, ម៉ូតូ១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន១។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here