អង្គការ Bird Life ព្រួយបារម្ភពីកម្ពស់ទឹកទាប នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលប៉ះពាល់ដល់ការរកចំណី របស់សត្វក្រៀល និងសត្វស្លាបផ្សេងទៀត

0
7

ភ្នំពេញ៖ អង្គការ Bird Life បានបង្ហាញក្ដីព្រួយបារម្ភពីកម្ពស់ទឹកទាប នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលប៉ះពាល់ដល់ការរកចំណី របស់សត្វក្រៀល និងសត្វស្លាបផ្សេងទៀត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អង្គការ Bird Life បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាងគ្រប់គ្រងទឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងស្រុកបូរីជលសារនិងកោះអណ្តែត ខេត្តតាកែវពុំទាន់ ទទួលបានរបបទឹក គ្រប់គ្រាន់នូវ ឡើយទេ បើប្រៀបធៀបនឹងឆ្នាំកន្លងមក។ នៅក្នុងខែតុលាឆ្នាំ២០២១ នេះ កម្ពស់ទឹកទើបតែហក់ឡើង បានកម្ពស់ប្រមាណតែ១ម៉ែត្រទេ ដោយឆ្នាំកន្លងមកកម្ពស់ទឹកធ្លាប់បានហក់ឡើង រហូតដល់កម្ពស់ប្រមាណជា៣ម៉ែត្រ ក្នុងខែតុលា ដូចគ្នា។

អង្គការ Bird Life បញ្ជាក់ថា “យើងបានសង្កេតឃើញថាកម្ពស់ទឹកបាន ធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយ ទឹកពន្យាពេលក្នុងការជន់លិច និងស្រកទៅវិញឆាប់រហ័ស ដែលបានបង្កើតជាក្ដីព្រួយបារម្មណ៍ចំពោះតំបន់ដី សើមមួយនេះ”។

អង្គការដដែលនេះបន្ថែមថា កាលណាកម្ពស់ទឹក ហក់ឡើងទាបពេក នោះការរក្សារទឹកទុកសម្រាប់សត្វក្រៀល និងសត្វស្លាបផ្សេងទៀត រកចំណីនៅរដូវប្រាំងនឹងជួបហានិភ័យ ដោយសារតំបន់ទាំងមូលនឹងឆាប់ស្ងួតហួតហែង ដែលធ្វើអោយសត្វក្រៀលឆាប់ផ្លាស់ទីចេញពីតំបន់ទេសភាពបឹងព្រែកល្ពៅនេះ។

ផលអវិជ្ជមានមួយទៀត នៅពេលដែលកម្រិតទឹកជំនន់ទាប និងរយៈពេលជន់លិចខ្លី ក៏បានបណ្ដាលអោយជះឥទ្ធិពលដល់ការគ្រប់គ្រងរុក្ខជាតិទន្រ្ទានផងដែរ គឺបន្លារអ៊ួយ៉ាស់។ កាលណាទឹកជំនន់តិច រយៈពេលជន់លិចខ្លី នោះដើមរុក្ខជាតិនេះ នឹងមានអត្រាដុះឡើងវិញខ្ពស់ បន្ទាប់ពីទឹកស្រកទៅ (ទឹកជាកត្តាចម្បងដែលត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងការដុះដាលនៃរុក្ខជាតិចង្រៃនេះ ដោយកាប់ដើម ពន្លិចទឹក)។

ប៉ុន្តែយើងសង្ឃឹមថា ទឹកនឹងនៅតែបន្តឡើង ព្រោះតាមរយៈការកត់ត្រាប្រចាំថ្ងៃរបស់ក្រុមការងារយើង កម្ពស់ទឹកមានការកើនឡើងប្រមាណជា២សង់ទីម៉ែត្រក្នុងមួយថ្ងៃ ហើយនៅតែបន្តកើនឡើង។

គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT ៕

May be an image of wading bird and nature

LEAVE A REPLY

Please enter your comment!
Please enter your name here