ភ្ញៀវទេសចរចេញដើរកម្សាន្តជិត១៤ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃចុងសប្តាហ៍

0
9

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបាន ចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ២៨,៧២៨នាក់, រាជធានីភ្នំពេញ ២៥,៦៩៨នាក់, ខេត្តកំពត ១៨,៤៣៧នាក់, ខេត្តកំពង់ស្ពឺ ៨,៥៥៥នាក់, ខេត្តសៀមរាប ៧,៦៨៧នាក់, ខេត្តពោធិ៍សាត់ ៧,៤៥៩នាក់, ខេត្តកែប ៧,១៣៦នាក់។

បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់ គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់ ទោះបីមានការថមថយចំនួនខ្លះក៏ដោយ។ ជាក់ស្តែង តួលេខចុងសប្តាហ៍ (៣ថ្ងៃ) ខាងលើ មានការថយចុះប្រមាណ ៤៣.៤៦% ធៀបនឹងចុងសប្តាហ៍កន្លងមកក្រោយ ពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨.២១%។

មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍ បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here