ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃ រដ្ឋសភាបានលើកឡើងថា ការដាក់ឲ្យចរាចរក្រដាសប្រាក់ ៣០,០០០រៀលថ្មី ឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកប ដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថាយ៉ាងដូច្នេះថា “ខ្ញុំសូមចូលរួមអបអរសាទរនៃការដាក់ឲ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី។ ការសម្រេចនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ”។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀលគំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។
ការដាក់ឲ្យប្រើប្រាស់នេះធ្វើឡើងដើម្បី អបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១)៕