នាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋជឿទុកចិត្ត មន្ទីរពេទ្យតាមខេត្ត ចៀសវាងបញ្ជូនអ្នកជំងឺកូវីដ មកព្យាបាលនៅភ្នំពេញ

0
9

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមន្ទីរពេទ្យ តាមបណ្តាខេត្ត ហើយត្រូវចៀសវាងសម្រុក បញ្ជូនអ្នកជំងឺកូវីដ១៩ មកព្យាបាលនៅរាជធានីភ្នំពេញ ព្រោះអាចបណ្ដាលឲ្យអ្នកជំងឺ កាន់តែមានសភាពធ្ងន់ធ្ងរ ។

តាមរយៈសំឡេងពិសេស ស្ដីពីស្ថានភាពកូវីដ-១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្យ និងការត្រៀមរៀបចំបើកប្រទេសឡើងវិញ ដែលផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកមានការបញ្ជូនអ្នកជំងឺកូវីដ១៩ ជាច្រើនពីបណ្តាខេត្តមករាជធានីភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាល ពង្រឹងការព្យាបាលនៅតាមខេត្ត និងនៅតាមភូមិភាគ ដែលអាចឆ្លើយតបបាន ជាមួយការព្យាបាល សម្រាប់អនកជំងឺកូវីដ ។ សម្ដេចថា ការបញ្ជូនអ្នកជំងឺមកព្យាបាល នៅភ្នំពេញមិនមែនជាវិធីល្អ សម្រាប់ស្រោចស្រង់ អាយុជីវិតអ្នកជំងឺនោះទេ ហើយការបញ្ជូននេះមិនមែន ជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយ ក្រុមគ្រួសារអ្នកជំងឺ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ប្រសិនបើមានការចាត់បញ្ជូន អ្នកជំងឺពីខេត្តមកកាន់ទីក្រុងភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ ។ យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ បានបង្ហាញឲ្យឃើញថា ប្រសិនបើអ្នកជំងឺនេះ ធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺមានបញ្ហាកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាក ស្រោចស្រង់តែម្តង» ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អ្វីដែលជាបញ្ហាធំជាងគេ គឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានការចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាព ព្យាបាលជំងឺនេះដែរ» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here