ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ ចាប់ពីថ្ងៃទី២០-២៦ ខែតុលា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃ១៩ តុលា បានឲ្យដឹងថា ចាប់ពីថ្ងៃ២០-២៦ តុលា នាសប្ដាហ៍ខាងមុខ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ ជាមួយគ្នានោះ នៅបណ្តារាជធានី-ខេត្តភាគខាងក្រោមមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។
ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម៕