បន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរ ប្រុស ស្រីចំនួន១៩នាក់ ក្នុងនោះមានកុមារចំនួន២នាក់ និងមេខ្យល់១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមាត់អូរ ព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៩នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ កុមារចំនួន២នាក់មកពី៤ខេត្ត ក្នុងនោះ ១មានខេត្តបន្ទាយមានជ័យចំនួន៣នាក់២ខេត្តបាត់ដំបងចំនួន៩នាក់៣ខេត្តត្បូងឃ្មុំចំនួន១នាក់និង៤ខេត្តព្រៃវែងចំនួន៦នាក់។
ក្នុងចំណោមពលរទាំង១៩នាក់នោះ សមត្ថកិច្ចចម្រុះបានរកឃើញមេខ្យល់ម្នាក់បម្រុងជូនពលករទាំង១៩នាក់លួចឆ្លងដែនចូលទៅប្រទេសថៃរកការងារធ្វើមាន ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែមទៀតថា ចំពោះពលករទាំងអស់និងមេខ្យល់បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់មេរោគកូវីដ-១៩ និងធ្វើកិច្ចសន្យារួច បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ មុននឹងប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីសួរនាំនិងចាត់វិធានការតាមនីតិវិធី ចំពោះអ្នកនាំផ្លូវផងដែរ៕


