កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនពលរដ្ឋខ្មែរ៣៧នាក់ បម្រុងឆ្លងដែនខុសច្បាប់

0
7

ភ្នំពេញ: កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនៅយប់ថ្ងៃទី១៩ ឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនពលរដ្ឋខ្មែរ បម្រុងឆ្លងដែនទៅប្រទេសថៃ ចំនួន ៣៧នាក់ ក្នុងនោះស្រី ១៣នាក់ កុមារ ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ជាក់ស្តែងយប់ថៃ្ងទី១៩ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ រិទ្ធ មេគ្រប់គ្រងគោលដៅ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងសហការជាមួយកងពលតូចថ្មើរជើរលេខ៥១ និងនគរបាលវរសេនាតូចព្រំដែនលេខ៨១៥ បានជួបពលករបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួនបាន កម្លាំងចម្រុះបានសាកសួរ និងបានអប់រំណែនាំរួច ក៏ប្រគល់អោយកម្លាំងកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរបន្ត រកមុខសញ្ញាមេខ្យល់ ដែលតែងតែញុះញុងអោយបងប្អូនឆ្លនដែនទៅធ្វើការដោយគ្រោះថ្នាក់ និងប្រថុយប្រថានបែបនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here