ត្រីរាជស្ថិតក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទនៅកម្ពុជា

0
14

ភ្នំពេញ: លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ត្រីរាជស្ថិតក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទនៅកម្ពុជា។

តាមរយ:ហ្វេសប៊ុក លោក នេត្រ ភក្ត្រា បានថ្លែងថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់រាំងទៅទៀត។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

លោកបញ្ជាក់ថា ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ(Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។

ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ៨០ នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប) គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំង ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។

ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។

ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជ នេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានព្រលែងចូលទៅក្នុងទន្លេវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here