ភ្នំពេញ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា ក្នុងនាមជានគរបាលជាតិដាច់ខាតមិនត្រូវពាក់ពន្ធ័ជាមួយឈ្មួញ ឬបទល្មើសជួញដូរគ្រឿងញៀននិងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ឡើយ បើរកឃើញបទល្មើសនៅគោលដៅណា នឹងមានវិធានការតាមច្បាប់ ឬបញ្ជូនទៅតុលាការ។
លោកបានឡើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ របស់កងកម្លាំងនគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញឲ្យគ្រប់មេបញ្ជាការវរៈត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងភាគីថៃឲ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងារ ។ កម្លាំងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើសទី១-ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់(ពលករចំណាកស្រុក មេខ្យល់), ទី២-បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) និងទី៣-បទល្មើសជួញដូរគ្រឿងញៀន ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោបានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងនគរបាលព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជម្រក សម្ភារ: បរិក្ខារទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង ដោយមិនត្រូវពឹងផ្អែកតែជំនួយពីខាងក្រៅ៕