ភ្នំពេញ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្សដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។
តាមរយៈហ្វេសប៊ុក លោក នេត្រ ភក្ត្រាបញ្ជាក់ថា កម្ពុជាមានមោទកភាពដែលមានសត្វកម្រនេះហើយចាំបាច់យើងទាំងអស់ គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបាន គង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បី ផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។
យោងតាមការសិក្សា នៅកម្ពុជាមានត្រយ៉ងយក្សចំនួនប្រមាណជាង ៣០០ ក្បាល ស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានប្រមាណ ២០០ក្បាល។ ជាមួយកម្មវិធីថែរក្សាសំបុកសត្វ កម្រៗនានាគាំទ្រដោយអង្គការដៃគូ នៅឆ្នាំ២០២១ នេះ សំបុកពងកូនរបស់សត្វត្រយ៉ងយក្សជាច្រើនក្នុងតំបន់ការពារធម្មជាតិ ត្រូវបានរកឃើញ និងថែរក្សាដើម្បីឱ្យពងញាស់ និងកូនសត្វត្រយ៉ងលូតលាស់ ធំធាត់រហូតអាចហើររកស៊ីដោយខ្លួនឯង។
ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយ៉ងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកំណត់ថាជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕