ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង១ពាន់គ្រួសារ ក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

0
164

ភ្នំពេញ៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ រួមជាមួយ សប្បុរសជាច្រេីនរូប នៅថ្ងៃពុធ ទី ២៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.០៤០គ្រួសារ (ក្នុងនោះមកពីសង្កាត់ចំនួន៣ លេីសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅចំនួន ៨៩២គ្រួសារ និងមកពីសង្កាត់ឃ្មួញ លេីសង្កាត់ទាំង៦ នៃខណ្ឌសែនសុខចំនួន ១៤៨គ្រួសារ) រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី ឃួន សុដារី បានពាំនាំព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ បេីថ្វីបេីសម្តេចមិនបានអញ្ជេីញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិ បង្កឡេីងដោយការប្រែប្រួល អាកាសធាតុ។

លោកស្រី ក៏បានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូន និងមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោលឡេីយ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រី ឃួន សុដារី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ បំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែមានព្រះមេត្តាប្រោសប្រណី ដល់ប្រជានុរាស្ត្រ និងប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស និងក្នុងឱកាសនានាជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ទាំងជាតិ-អន្ដរជាតិ ដែលបានចូលរួមឧបត្ថម្ភ ថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាល ទាំងនៅតាមសាខា ដើម្បីជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅទូទាំងរាជធានី-ខេត្ដចំនួន១៩ ដែលរងផលប៉ះពាល់ ដែលនេះបានបង្ហាញ ពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោកស្រីលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ រួមជាមួយ សប្បុរសជាច្រេីនរូប បានពាំនាំនូវសារអំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញេីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសដូចខាងក្រោម ៖
១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា មានសុខភាពគឺមានអ្វីៗទាំងអស់ បាត់បង់សុខភាពគឺបាត់បង់ក្តីសង្ឃឹម ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៤. សូមប្រជាពលរដ្ឋទាំងអស់ នាំគ្នាធ្វេីអំពេីល្អ ជួយយកអាសារគ្នា ជួយគ្នាទៅវិញទៅមក ព្រោះថាអំពេីល្អមិនចេះសាបសូន្យទេ។
៥. សូមប្រជាពលរដ្ឋទាំងអស់ រៀនរស់ក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប អំបិល ២គីឡូក្រាម ទឹកបរិសុទ្ធ ១កេស ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) នំប៉័ងផ្អែម ១នំ នំដំឡូងស្រួយ ២កញ្ចប់ និងទឹកបរិសុទ្ធ ១ដប៕

LEAVE A REPLY

Please enter your comment!
Please enter your name here