លោក កឹម សុខា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែនសម្រាប់តែភាគីខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល

0
10

ភ្នំពេញ៖ លោក កឹម សុខា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែនសម្រាប់តែភាគីខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានលើកឡើងថា សូមអបអរសាទរ ខួបទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) ជាទូទៅមនុស្ស ជំនាន់ផ្សេងគ្នា មាននិន្នាការផ្សេងគ្នា អាចឲ្យតម្លៃ ឬ មិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗគ្នា។

លោកបន្តថា ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា ដែលមានកម្រឹតជាអន្តរជាតិ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ បណ្តាប្រទេសមហាអំណាច ប្រទេសក្នុងតំបន់ និងជាពិសេសដោយមានការចូលរួមយល់ព្រមគាំទ្រពីភាគីខ្មែរគ្រប់និន្នាការផងដែរ។

លោក កឹម សុខា បញ្ជាក់ថា “ដូច្នេះកិច្ចព្រមព្រៀងនេះ មិនមែនសម្រាប់តែភាគីខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺដើម្បីខ្មែរ ដែលយើងជាខ្មែរត្រូវតែឲ្យតម្លៃ”។

លោក កឹម សុខា យល់ថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ ច្រើនពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែប្រទេសមួយ នោះដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះ អាចជួយធានាការពារនូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និង ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញយើងទៀតផង។ ដូច្នេះខ្មែរយើងមិនគួរភ្លេចថា តើអ្វីខ្លះដែលយើងទទួលបានផលប្រយោជន៍ពីស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ទោះបីយើងត្រូវតែខិតខំ ដោយខ្លួនឯងក៏ដោយ ក៏យើងគួរតែរួបរួមគ្នា ទាញយកផលប្រយោជន៍ពីស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ ដើម្បីប្រជាជាតិខ្មែរបន្តទៀត៕

May be an image of one or more people, people standing and text

LEAVE A REPLY

Please enter your comment!
Please enter your name here