លោក ហ៊ុន ម៉ានី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផ្តើមចេញពីជំនួបឥស្សរជនសំខាន់២រូប

0
7

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូប គឺសម្តេចព្រះបាទនរោត្តម  សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី​ បញ្ជាក់ថា “ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបាន ជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»”។

លោកបន្តថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត។

លោក ហ៊ុន​ ម៉ានី បន្ថែមថា ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០រៀល ដែលមានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ សម្តេចព្រះនរោត្តម សីហនុ  ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសអបអរខួប ៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ  ព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here