បាត់ដំបង៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ ចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់មាន់ជល់ ) ចំនួន១ ករណីនិងបានធ្វើការនាំខ្លួនមនុស្សចំនួន៤ នាក់ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរ។
ការបង្ក្រាបនេះបានធ្វើឡើងនៅ នៅទី២៣ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៤នាទីនៅចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៤នាក់ដែលឃាត់ខ្លួនបាននោះរួមមានឈ្មោះ៖ ១-ឈ្មោះ សុខ ផន ភេទប្រុស អាយុ ៦៨ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ ឡុង លុច ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។៣-ឈ្មោះ សួន ណារិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៤-ឈ្មោះ សារី សុខន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ សង្វៀនសម្រាប់ជល់មាន់ចំនួន១, មាន់ជល់៣ ក្បាល, ស៊ុម សម្រាប់ក្រុងមាន់១, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់១, ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់១។
បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕