សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលចំនួន៤ ត្រូវបានសភាអនុម័តនាថ្ងៃនេះ

0
9

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ។ សម័យប្រជុំថ្ងៃនេះ មានរបៀបវារៈចំនួនបួន ដែលត្រូវបានពិភាក្សា និងអនុម័ត រួមមានសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិមួយដែរ។

សេចក្តីព្រាងច្បាប់ខាងលើនេះ សំដៅកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានា ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការប្រឆាំងដាច់ខាត ទៅនឹងការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះ គោលនយោបាយជាតិ អន្តរជាតិរបស់កម្ពុជា។

ចំពោះរបៀបវារៈផ្សេងទៀត រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងបន្ថែមទៅ លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់ អង្គជំនុំជម្រះវិសាមញ្ញ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here