ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយមេបញ្ជាការ កងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម

0
15

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជួបប្រជុំជាមួយ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផល កិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រង និងការពារព្រំដែន ក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤ មក ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្ត របស់ប្រជាជនទាំងសងខាង។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈម ជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំង នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។

សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែន ការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here