ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ តាមរយៈហ្វេសប៊ុកបានលើកឡើងថា សុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង លោក លោក ហេង រតនា បានចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជម្ងឺវីរុសកូវីដ១៩ ដែលអាចវាយតំលៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជម្ងឺកូវីដ១៩បានដោយជោគជ័យក្នុងជំហានដ៍សំខាន់នេះ និងឃើញថាសុនខកម្ពុជាមានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។
លោក ហេង រតនាបញ្ជាក់ថា “ ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជារួមសុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ! សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដនៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម”។
លោកថា នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល។
លោក ហេង រតនា បញ្ជាក់បន្ថែមថា ពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុតនិង អរគុណមន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹង៕









