Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុន ខណៈប្រជាប្រិយភាពរបស់ក្រុមហ៊ុនមានការថយចុះ

0
10

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនឹងលែងប្រើឈ្មោះហ្វេសប៊ុកដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។

ទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនលោក Zuckerberg បានបញ្ជាក់ថា ការប្រើឈ្មោះ Facebook សម្រាប់សម្គាល់ក្រុមហ៊ុនគឺវាភ្ជាប់ទៅនឹងផលិតផលតែមួយ ដែលវាមិនអាចតំណាងឱ្យអ្វីៗទាំងអស់ដែលក្រុមហ៊ុនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ឬនៅពេលអនាគត។ ជាមួយនឹងការប្រើឈ្មោះថ្មីសម្រាប់ស្គាល់ក្រុមហ៊ុន ពាក្យ “Facebook” នឹងត្រូវបានប្រើសម្រាប់សម្គាល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ដែលដូចគ្នានិងកម្មវិធីមួយចំនួនទៀតមានដូចជា WhatsApp និង Instagram។

គួរបញ្ជាក់ដែរថា កាលពីដើមខែតុលាកន្លងទៅនេះ សមាជិកសភាសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ខ្លាំងៗទៅលើក្រុមហ៊ុនហ្វេសប៊ុកថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Instagram របស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កុមារ បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹង ការស្រាវជ្រាវផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលបានបង្ហាញពីការព្រួយបារម្ភថា កម្មវិធីចែករំលែករូបថតរបស់ខ្លួនកំពុងតែបំផ្លាញសុខុមាលភាពរបស់កុមារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here