ទំនងស្រវឹងស្រា បុរសម្នាក់បើករថយន្តបុករះចូលកន្លែងលក់មីឆាខ្ទេច

0
11

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករះចូលទីតាំងលក់មីឆាមួយកន្លែងបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាអ្នកលក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហ្វដ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI- 8718បើកបរដោយបុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបានបើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុករះចូលទីតាំងលក់មីឆាមួយកន្លែងបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាអ្នកលក់មីឆារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ចំណែកសម្ភារខូចខាតរួមមាន៖ ទូដាក់លក់មីឆា១ កង់១ និងសម្ភារមួយចំនួនទៀត រីឯរថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខ។ចំពោះអ្នកបើករថយន្តត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here