តោះមកស្គាល់អត្តសញ្ញាណ ក្មេងប្រុសដែលធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មខ្លាំង ពិសេសសម្ដេចតេជោ ហ៊ុន សែន

0
9

ភ្នំពេញ៖ ក្រោយផ្ទុះការចាប់អារម្មណ៍ លើក្មេងប្រុសម្នាក់ ដែលទៅរៀនអត់មានស្បែកជើងពាក់ និងមានចងព្យួរស្បោង កាតចាក់វ៉ាក់សាំង នៅនឹងក ហើយត្រូវចែករំលែកតៗគ្នា យ៉ាងផុសផុល ក្នុងបណ្តាញសង្គម ជាពិសេសទទួលការចាប់អារម្មណ៍ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ ពេលនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញពីអត្តសញ្ញាណ របស់ក្មេងប្រុសម្នាក់នេះហើយ គឺរស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ វិច្ឆិកា លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះ មានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមាន ជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេ ធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការ ផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែ នៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់ អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះ ឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា បានមកចូលរួមទទួលយក អំណោយជាសម្ភារៈសិក្សាពីកម្មវិធី ”តោះអាន និងបង្គន់អនាម័យដើម្បី សុខភាពកាន់តែប្រសើរ” (Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើង ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងមានការចូលរួមពី រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង ៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មី ជូនដល់សាលាបឋមសិក្សាជ័យផងដែរ។

ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហា មិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជន ចង់ទំនាក់ទំនងជួយឧបត្ថម្ភ តាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូន របស់ក្មួយប្រុសសីហាបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here