នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះ របស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុក ក្នុងពេលឆាប់ៗនេះ ហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលពួកគេបានប្រមូលដែលមាន ចំនួនប្រមាណមួយពាន់លាននាក់។
ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការថ្លឹងថ្លែង ពីភាពវិជ្ជមានក្នុងការ ប្រើប្រាស់ប្រព័ន្ធសម្គាល់មុខ និងដោយសារតែមានការ ព្រួយបារម្ភពីអ្នកប្រើប្រាស់ជាច្រើន ក្រុមហ៊ុនបានសម្រេចបិទមុខងារនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថា ក្រុមហ៊ុនបិទមុខងារនេះ ដើម្បីព្យាយាមស្ដារប្រជាប្រិយភាព របស់ក្រុមហ៊ុនឡើងវិញតែប៉ុណ្ណោះ។
មុខងារសម្គាល់មុខត្រូវបាន ក្រុមហ៊ុនដាក់បញ្ចូលទៅ ក្នុងកម្មវិធីហ្វេសប៊ុក កាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរ មួយចំនួនដែលអាចឱ្យអ្នក ប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នក ប្រើប្រាស់តែប្រមាណ ៣០ភាគរយដែល កំពុងតែប្រើមុខងារនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធី ហ្វេសប៊ុកមានការថយចុះខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះ នៅសល់តែ ២៧% នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធី ទំនាក់ទំនងសង្គមផ្សេងៗ ទៀតមានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ ៕