ស្នងការភ្នំពេញ ដាក់​បញ្ជា​ដល់​កម្លាំង​ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​​ស្ទូច​យក​មធ្យោបាយ​ឈប់​ចត​ខុសច្បាប់​ដើម្បី​ផាកពិន័យ​

0
14

​ភ្នំពេញ​៖​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​បង្កើន​ការ​ចេញ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​មាន​របៀប​រយ​ល្អ​ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​​ស្ទូច​យក​មធ្យោបាយ​ឈប់​ចត​ខុសច្បាប់​ដើម្បី​ផាកពិន័យ​។​

​ការ​ដាក់​បទបញ្ជាបែបនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រចាំ​ខែតុលា​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែវិច្ឆិកា​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ ZOOM​ MEETNIG​ កាលពីថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ។​

​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បានបញ្ជាក់ថា​ “​អនុវត្ត​ច្បាប់​ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់​ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​តាម​ច្បាប់​ និង​ការ​ចេញ​អនុវត្ត​ជា​ប្រចាំ​ដើម្បី​ធានា​ថា​ គោលដៅ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​វា​ស្អាត​ល្អ​បាន​យូរអង្វែង​ហើយ​ ពីព្រោះ​នេះ​ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ឱ្យ​បាន​ល្អ​ “។​

​ជុំវិញ​ការ​ចេញ​ដោះស្រាយ​បញ្ហា​សណ្តាប់​ធ្នា​ប់​សាធារណៈ​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ សែ​ម​ គ​ន្ធា​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​លើក​ឡើង​ថា​ កន្លង​មក​ការងារ​នេះ​កម្លាំង​ការិយាល័យ​នគរបាល​ណ្តា​ប់​ធ្នាប់​បាន​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ដែល​មិន​រៀបរយ​ ដូច​ជា​នៅ​ម្តុំ​ផ្សារ​អូរ​ប្ញ​ស្សី​ ខណ្ឌ​៧​មក​រា​ មហាវិថី​ម៉ៅ​សេ​ទុង​ ខណ្ឌទួលគោក​ ម្តុំ​ផ្សារ​សាំ​ហាន់​ ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​បណ្តា​ផ្លូវ​ខ្លះ​ក្នុង​ខណ្ឌដូនពេញ​ផង​ដែរ​។​ ដោយ​កន្លង​មក​ គោលដៅ​មួយ​កម្លាំង​បាន​ចុះ​រៀបចំ​បាន​ល្អ​ហើយ​ ប៉ុន្តែ​ប្រៀប​បាន​ដូច​វែក​ចក​ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ដកថយ​០២​ទៅ​០៣​ថ្ងៃ​ក្រោយមក​ ក៏​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​លក់ដូរ​ប្រកប​មុខរបរ​នៅ​លើ​ទ្រូងផ្លូវ​នេះ​ឡើង​វិញ​ ។​

លោកបន្ថែមថា ប៉ុន្តែ​ទោះបី​យ៉ាងណា​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ និង​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ឱ្យ​ចំ​ទិស​ដៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here