អភិបាលខេត្តបាត់ដំបង ណែនាំដល់សមត្ថកិច្ចប្រចាំការច្រកទ្វារព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

0
11

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់សមត្ថកិច្ចប្រចាំការច្រក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកសំឡូត ពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន៤០០ នៃស្រុកសំឡូតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ លូ បានបញ្ជាក់ថា “សមត្ថកិច្ចប្រចាំការច្រក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកសំឡូត ពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុងតំបន់ព្រំដែនសមីរបស់ខ្លួន ដើម្បីរក្សានូវគុណប្រយោជន៍របស់ប្រទេសទាំងសងខាង ទាំងផ្នែកសន្ដិសុខ និងសុវត្ថិភាព “។

លោកបន្ថែមថា ស្រុកសំឡូតធ្លាប់ជាស្រុកតំបន់សង្រ្គាមដ៏ក្ដៅគគុក និងរយៈពេលយូរជាងគេ ក៏ប៉ុន្តែដោយសារតែនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបធ្វើឲ្យសង្រ្គាមផ្ទៃក្នុងដ៏ក្ដៅនេះបញ្ចប់ទៅដោយសន្ដិវិធី ហើយបានកែប្រែស្រុកសំឡូត ជាតំបន់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ដស្រុកមួយ បានបង្កើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែមានភាពអភិវឌ្ឍន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បាន ជំរុញដល់រដ្ឋបាលស្រុក ជំរុញឲ្យប្រជាពលរដ្ឋប្រញាប់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយណែនាំដល់ប្រជាពលរដ្ឋកុំជឿលើការញ៉ុះញ៉ុងពីបុគ្គលមួយចំនួន ដែលថាការចាក់វ៉ាក់សាំងនឹងបង្កជាហានិភ័យទៅប្រជាពលរដ្ឋ ព្រោះវ៉ាក់សាំងនេះ មិនបង្កជាហានិភ័យដល់ប្រជាពលរដ្ឋឡើយ តែវាបានជួយដល់ប្រជាពលរដ្ឋឲ្យគេចផុតពីគ្រោះថ្នាក់ពីជំងឺកូវីដ-១៩ ទោះបីជាឆ្លងក៏ដោយ ក៏បានជួយប្រជាពលរដ្ឋមិនឲ្យចេញអាការៈធ្ងន់ធ្ងរ ហើយអាចគេចផុតពីសេចក្ដីស្លាប់ផងដែរ។

សូមរំលឹកថា យោងទៅតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេចតែងតាំង លោក តេង ចាន់ភិរម្យ ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ៤០០ នៃស្រុកសំឡូត ខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here