សៀមរាប៖ គណ:ប្រតិភូនៃខេត្តយូណាន ប្រទេសចិន បានស្នើដល់រដ្ឋបាលខេត្តសៀមរាបឱ្យជួយសម្របសម្រួលទៅលើការសាងសង់អាកាសយានដ្ឋានសៀមអង្គរថ្មី។

លោក Zhang Huohua អភិបាលរងខេត្តយូណាន នៃសាធារណ:រដ្ឋ ប្រជាមានិតចិន បានស្នើដល់លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ឱ្យជួយសម្រួលលើការផ្គត់ផ្គង់ទឹក ភ្លើង បណ្តាញលូបង្ហូរទឹកខ្វក់ និងប្រពន្ធទូរគមនាគមន៍ ដើម្បីឱ្យដំណើរការសាងសង់អាកាសយានដ្ឋានសៀមអង្គរថ្មី ប្រព្រឹត្តទៅដោយរលូន។
ប្រតិភូខេត្តយូណាន ក៏បានស្នើរដ្ឋបាលខេត្តសម្របសម្រួល ដល់ការនាំចូលសម្ភារ:ផ្សេងៗ និងការផ្ទេរទីតាំងពីអាកាសយានដ្ឋានចាស់ មកអាកាសយានដ្ឋានថ្មីផងដែរ។
លោកលី សំរិទ្ធ បានលើកឡើងថា សំណើរបស់គណ:ប្រតិភូមមួយចំនួន គឺស្ថិតក្នុងសមត្ថកិច្ចរបស់ថ្នាក់ជាតិ និងខ្លះទៀតជាសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ (ថ្នាក់ខេត្ត) តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបង្កើតគណ:កម្មការតម្រង់ទិស ការងារសាងសង់អាកាសយានដ្ឋានអន្តជាតិសៀមរាប អង្គរ ដែលគណ:កម្មការនេះបាន និងកំពុងសិក្សាលើគម្រោងនេះយ៉ាងសកម្ម៕