សមត្ថកិច្ចឃាត់ខ្លួន អធិការរងស្រុកគាស់ក្រឡម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម កាលពី២ខែមុន

0
10

ភ្នំពេញ៖ នៅក្នុងរយៈពេលជាង២ខែ បន្ទាប់ពីសមត្ថកិច្ច បានស៊ើបអង្កេតលើករណី«អំពើឃាតកម្ម»ដ៏ឃោរឃៅមួយ នៅស្រុកគាស់ក្រឡ ទីបំផុត សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ គឺជា​លោក​អធិការរង​ស្រុក​គាស់ក្រឡ​តែម្តង ដោយ​ជននេះ ត្រូវជា​ប្អូនថ្លៃ​របស់​ជនរងគ្រោះ​។​ នេះបើយោងតាមការចុះផ្សាយរបស់កម្ពុជាថ្មី។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែសីហា កន្លងទៅនេះ​ជនរងគ្រោះ ( សព ) ត្រូវបាន​សមត្ថកិច្ច​ស្រុក​គាស់ក្រឡ​ឃាត់ខ្លួន​ ដើម្បី​យកមក​ធ្វើការ​អប់រំ ជុំវិញ​ករណី​ហិង្សា​ក្នុង​គ្រួសារ។ ពេល​បញ្ចប់​សមត្ថកិច្ច​ក៏បាន​ឲ្យ​លោក​អធិការរង​ឈ្មោះ ដាក សុខា ដឹក​តាម​រថយន្ត​ព្រូស​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ដៃ​ជាប់​ខ្នោះ ព្រោះ​ដោយសារ​អធិការរង​រូបនេះ​ត្រូវជា​ប្អូនថ្លៃ ហើយក៏​ស្ងាត់​តាំងពី​ពេល​នោះមក​។​លុះ​នៅ​ថ្ងៃទី​៣១ ខែសីហា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​មាន​ក្លិនស្អុយ ដែល​ត្រូវបាន​គេ​កប់​ក្នុង​ដី​តែ​មិន​ជិត​ដោយសារ​សព​មាន​សភាព​ហើយ​ទៅហើយ ក៏មាន​ការភ្ញាក់ផ្អើល​តែម្តង​។​

បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ដាក សុខា មាន​តួនាទី​ជា​អធិការរង​ស្រុក​គាស់ក្រឡ ទ​ទួល​បន្ទុក​ផ្នែក​គ្រឿងញៀន​។ ជននេះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​និង​ដោះ​ឯកសណ្ឋាន​នគរបាលជាតិ និង​បាន​នាំយកមក​សាកសួរ​នៅ​យប់​ថ្ងៃទី ៤ វិច្ឆិកា ក្រោយពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម នៅ​ភូមិ​បា​ស្រែ ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ។

​នៅក្នុង​សំណុំ​រឿងនេះ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​២​ខែ បន្ទាប់ពី​កើតហេតុ ទើប​លេចចេញ​នូវ​តម្រុយ​នៃ​មុខសញ្ញា​ជនសង្ស័យ ដែល​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ ហើយក៏​មាន​តួនាទី​ជា​«​អធិការរង​ស្រុក​គាស់ក្រឡ​»​ទៀតផង​។

ជុំវិញ​ករណីនេះ លោកស្នងការ សាត គឹម​សាន បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពិតជា​មានការ​ឃាត់ខ្លួន​លោក​អធិការរង​ម្នាក់​មែន តែ​កំពុង​សាកសួរ​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here