ភ្នំពេញ៖ នាយរដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ការសម្រេចបើកដំណើរការឡើងវិញ នូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក ដែលជាអាជីវកម្មមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវរង់ចាំដល់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះសម្តេចតេជោមានប្រសសាន៍ថា ប្រសិនបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក អាចនឹងមានហានិភ័យឆ្លងក្នុងកម្រិតខ្ពស់ ខុសពីការបើកដំណើរសាលារៀន ដែលមានសិស្សានុសិស្ស ប្រមាណ៣លាននាក់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ។ បើកសាលាមនុស្សជាង៣លាននាក់ចូលរៀន តែឆ្លងមានកម្រិតតូច មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃប្រឆាំងនឹងការចាក់វ៉ាក់សាំង”។
សម្តេចតេជោ ថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលស៊ូទ្រាំការលំបាកពីពេលមុន រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ៕