អូស្ត្រាលីសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាង៣លានដូសដល់កម្ពុជា

0
12

ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា អូស្ត្រាលីសម្រេចផ្ដល់វ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ជូនដល់កម្ពុជា ចំនួន៣លាន២សែន៥ម៉ឺនដូសដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២១លោកស្រី ម៉ារីស ផេន (Marise Payne) បានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍ យ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។

ជាមួយគ្នានោះផងដែរលោកស្រីក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការចាប់ផ្ដើមឲ្យសិស្ស ចូលរៀនវិញ និងបើកប្រទេសឲ្យប្រជាពលរដ្ឋរស់នៅតាមបែបកន្លងថ្មី។

លោកស្រីបានសម្ដែងនូវក្តីរីករាយ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងក្នុងក្របខណ្ឌពហុភាគី។ ក្នុងក្របខណ្ឌទ្វេភាគី លោកជំទាវបានសម្ដែងនូវក្តីរីករាយចំពោះផ្លែផ្កា ដែលទទួលបានពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ព្រមជាមួយគ្នានោះលោកស្រីបានគោរពជម្រាបជូនសម្ដេចតេជោថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ ជូនកម្ពុជានៅវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូសដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ ។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យ កសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅកាត់ថា Cadi  លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានថ្លែងអំណរគុណ ចំពោះអូស្ត្រាលីដែលនឹងផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។

សម្ដេចបានមានប្រសាសន៍បន្តថា សម្ដេចមានសុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់ នៅតាមគន្លងថ្មី  ។

ក្នុងក្របខ័ណ្ឌអាស៊ានសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលី នឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់ អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីត-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here