អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃ ត្រៀមខ្លួនយ៉ាងអង់អាចដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល

0
14

ភ្នំពេញ៖ ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការលើកឡើងរបស់ លោកបណ្ឌិត ទូច សុឃៈ បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

យោងតាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា «យើងទាំងអស់គ្នាគាំទ្រ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ ៣មាន»។ ជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន រួមមាន៖ ទី១.«មាន»សុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីនតាំងពីដើមមក។ ទី២.«មាន»ការអភិវឌ្ឍ ដោយក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់«មាន»ផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.«មាន»ការតភ្ជាប់ ដោយក្លាយពីតំបន់គ្មានសរសៃរឈាមទំនាក់ទំនង ទៅជាតំបន់«មាន»ការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

អ្នកនាំពាក្យរង បន្ដថា ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌» ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។

អ្នកនាំពាក្យរង គូសបញ្ជាក់ថា «ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកំទេចកុប្បកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានផែនការគត់មុតទាំងផ្នែករដ្ឋបាលដែនដីចាប់ពីរាជធានីខេត្តដល់ភូមិ។ ផ្នែកកងកម្លាំងជំនាញ តាំងពីអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍។ ផ្នែកពន្ធនាគារ ចាប់ពីអគ្គនាយកដ្ឋាន រហូតដល់ពន្ធនាគារគ្រប់រាជធានីខេត្ត»។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here