ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤សីហានេះ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្ត្រ បានប្រសាសន៍ថា ក្រុមប្រឆាំងបានបង្កើតរឿង CLV ដើម្បីបំបាក់ព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ខៀវ កាញារិទ្ធ បានសរសេរថា ក្រុមប្រឆាំងបានដកពិសោធន៍រឿងពីរ ។ ទី១ ជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០១៨ គឺជាជ័យជំនះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើសមរភូមិ ហើយជ័យជំនះសម្បើមក្នុងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជំនះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញអោយមានជ័យជំនះនេះ ។ ទី២ ក្រុមប្រឆាំងយល់ថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជំនះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញអោយក្លាយជាអំពើហិង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបាន(អោយចូលរួមបាតុកម្ម)យកទៅលាបលើព្រែកជីកហ្វូណនតេជោដែរ ។
ឯកឧត្តម ខៀវ កាញារិទ្ធ បន្តថា ខណៈដែលការដ្ឋានព្រែកជីកហ្វូណនតេជោចាប់ផ្តើមដំណើរការ ហើយក្រុមប្រឆាំង ធ្វើអ្វីមិនទាន់បាន គេខំលើកយករឿងសហប្រតិបត្តិការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភ័ន្ត ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់ ក្នុងពេលដែលមេបក្សប្រឆាំងមួយចុះហត្ថលេខាជាលាយលក្ខណ៍អក្សរប្រគល់ខេត្ត ៤ របស់ខ្មែរអោយវៀតណាម «ស » អាចធ្វើសកម្មភាពបានដោយសេរីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង រដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត ។ មួយមាត់ទទេ មួយមានក្រដាស តែគេបិទមាត់ឈឹង។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឆាំងនៅក្រៅប្រទេស បានអូសទាញយុវជន អោយចូលរួមបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយចោទប្រកាន់ថា បានកាត់ទឹកដី៤ខេត្តអោយទៅវៀតណាម ខណៈដែលជាក់ស្តែង ចាប់តាំងពីមានកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ ពីឆ្នាំ១៩៩៩ដែលរយៈពេល ២៥ឆ្នាំកន្លងមកនេះនៅទីនោះមានការអភិវឌ្ឍហេដ្ឋារចនាស័ម្ពន្ធ និងបានធ្វើអោយផលិតផលសរុបនៅក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗនៃប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី នៅក្នុងឆ្នាំ២០២២ កន្លងនេះ មានចន្លោះ១៦៣០ដុល្លារក្នុងម្នាក់៕