ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាង ជាមួយអាចារ្យ អាចារិនី នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលតម្លៃ លើការថតរូបភាព ឬវីដេអូ នៅប្រាសាទអង្គរវត្តជាថ្មីឡើងវិញ។
ការណែនាំរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមហាជនមានការមិនពេញចិត្ត និងរិះគន់ជាមួយនឹងការកំណត់តម្លៃ លើការថតរូប និងវីដេអូ របស់អាជ្ញាធរជាតិអប្សរា ដោយតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលបានកំណត់ថា តម្លៃទាបបំផុត ៣០ដុល្លារអាមេរិកក្នុង១ថ្ងៃ និងខ្ពស់ដល់ ៥ពាន់ដុល្លារ។
សម្ដេចធិបតីបានបញ្ជាក់ថា «ឥឡូវខាងអប្សរានេះ កាត់បន្ថយច្រើនណាស់ រឿងថត Wedding ថតអីនេះ កាលមុនថា ទាល់តែសុំអី សួរហេតុផល គាត់មានហេតុផលការពាររបស់គាត់ ប៉ុន្តែក្បួនច្បាប់និងគោលការណ៍នោះ តាំងពី៩០ជាងអនុវត្តចេញឆ្នាំ២០១៧ ចង់ឱ្យកែសម្រួលទៅ ឥឡូវនៅរឿងតម្លៃអីមិច ឱ្យពិនិត្យឡើងវិញ» ។
សម្ដេចបញ្ជាក់បន្ថែមថា «ឱ្យវាស្រួល ស្រួលទាំងភ្ញៀវទេសចរ ស្រួលទាំងមន្ត្រីអប្សរា ព្រោះគាត់ក៏លំបាកដែរ គោលការណ៍ច្រើនគាត់ត្រូវតឹង ព្រោះការពារប្រាសាទអង្គរវត្ត ការពារប្រាសាទយើង មិនមែនការពារតែថ្មទេ កុំឱ្យគេលួចកាត់ទេ តែការពារតម្លៃ(តម្លៃវប្បធម៌ និងទន្លៀមទម្លាប់)» ៕