ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានស្នេីសុំសម្ដេចតេជោ ហ៊ុន សឺន នាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥នាក់) ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងតាមរយ:តេឡេក្រាម កាលពីម្សិលមិញថា ការស្នេីសុំនេះបន្ទាប់ពីលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការ ថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស កាលពីថ្ងៃទី២៨ តុលា បានដឹកនាំកិច្ចប្រជុំគណ:កម្មការថ្នាក់ជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ។
គណ:កម្មការថ្នាក់ជា តិបានទទួលសំណុំឯកសារ ពីបណ្តាពន្ធនាគាររាជធានី–ខេត្ត ចំនួន ២៤ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែលស្នើសុំផ្តល់ការ អនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ១០៨៦ នាក់ (ស្រី ៧៦ នាក់) រួមមាន៖
–ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់)
–ស្នើសុំលើកលែងទោស ចំនួន ៣៥៤នាក់ (ស្រី២២នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤នាក់ (ស្រី០៩នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨នាក់ (ស្រី ០៧នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។
ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់គណ:កម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំ ទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រ ផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥ នាក់) រួមមាន៖
–ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៥នាក់ (ស្រី ០០នាក់)
–ស្នើសុំលើកលែងទោស ចំនួន ១៩ នាក់ (ស្រី ០៦នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២ នាក់ (ស្រី ១០នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥ នាក់ (ស្រី ០៨នាក់)
–ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕