កម្ពុជា ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋក្នុងអត្រាខ្ពស់ជាងគេលេខ១ នៅអាស៊ី និងលេខ៥ លើពិភពលោក!

0
8

ភ្នំពេញ៖ តាមរយៈយុទ្ធនាការជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទាំងប្រទេស កម្ពុជាមានអត្រាខ្ពស់ជាងគេបំផុត លេខ១ នៅទ្វីបអាស៊ី និងលេខ៥ នៅលើពិភពលោក ។ នេះបើតាមហ្វេសប៊ុក លោក ស សុខា ។

លោកបើតាមទិន្នន័យ គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបចំនួន ១៤,០១៧,០៨៧នាក់ ក្នុងនោះរួមមាន ៖
១. ចាប់ពីអាយុ ១៨ឆ្នាំឡើង មាន ១០,០៤៧,០៤១នាក់
២. ចាប់ពីអាយុ ១២ ដល់ ១៨ឆ្នាំ មាន ១,៧៩៧,៦៨១នាក់
៣. ចាប់ពីអាយុ ៦ ដល់ ១២ឆ្នាំ មាន ១,៩៦១,២១១នាក់
៤. ចាប់ពីអាយុ ៥ឆ្នាំ មាន ២១១,១៥៤នាក់ ។

លទ្ធផលទាំងនេះកើតឡើង ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។

ដោយសារតែប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំង ច្រើនបែបនេះហើយ ទើបកម្ពុជាអាចគ្រប់គ្រង ស្ថានការណ៍កូវីដ-១៩ បានស្ទើទាំងស្រុង ។ ជាក់ស្តែងបច្ចុប្បន្នចំនួនអ្នកឆ្លង និងអ្នកស្លាប់ បានថយចុះក្នុងកម្រិតទាបជាលំដាប់ គួរឲ្យកត់សម្គាល់ ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោក ស សុខា ពិតជាមានមោទកភាព និងសូមសម្តែងនូវការកោតសរសើរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ដែលបាន និងកំពុងដឹកនាំប្រជាពលរដ្ឋ ចាកផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង និងយុទ្ធនាការ ឬចំណាត់ការផ្សេងៗទៀត ។

សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលការចាក់វ៉ាក់សាំង ឬមិនទាន់បានទទួលការចាក់វ៉ាក់សាំងក្តី បន្តចូលរួមទទួលការចាក់វ៉ាក់សាំង ទៅតាមដំណាក់កាល និងលទ្ធភាពរបស់រាជរដ្ឋាភិបាល បន្តអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here