លោក សាម អ៊ីន៖ បើខ្ញុំជាអភិបាលរាជធានីភ្នំពេញ នឹងដោះស្រាយបញ្ហាទឹកជន់លិចទីក្រុងភ្នំពេញ ដោយថែរក្សាបឹងធម្មជាតិ

0
14

ភ្នំពេញ៖ លោក សាម អ៊ីន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានមានប្រសាសន៍ថា បើលោកជា អភិបាលរាជធានីភ្នំពេញ នឹងដោះស្រាយបញ្ហាទឹកជន់លិចទីក្រុងភ្នំពេញ ដោយថែរក្សាបឹងធម្មជាតិទាំង១០។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សាម អ៊ីនបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំជាអភិបាលរាជធានីភ្នំពេញខ្ញុំនឹងដោះស្រាយបញ្ហាទឹកជន់លិចទីក្រុងភ្នំពេញដូចតទៅ៖

-ខ្ញុំនឹងថែរក្សាបឹងធម្មជាតិទាំង១០ ដូចជាបឹងតាមោក បឹងស្លា បឹងជើងឯក… ដែលនៅសេសសល់ ហើយរៀបចំឱ្យក្លាយជាឧទ្យានកំសាន្តសម្រាប់ប្រជាពលរដ្ឋទូទៅមកលំហែ ដើម្បីកាត់បន្ថយស្ត្រេស ដែលរស់នៅក្នុងទីក្រុងមានមនុស្សច្រើនកកកុញ។ បន្ថែមពីនេះ នឹងមានការជីកបឹង ឬស្រះធំៗ បែបសិប្បនិម្មិត និងរៀបចំជាកន្លែងលំហែកំសាន្តតូចៗនៅតាមខណ្ឌមួយចំនួនដែលខ្វះកន្លែងលំហែកំសាន្តសាធារណៈ។

-បឹងធម្មជាតិនិងបឹងសិប្បនិម្មិតមានតួនាទីជួយស្តុកទឹកភ្លៀងពេលរដូវភ្លៀងខ្លាំង កាត់បន្ថយការជន់លិចក្នុងទីក្រុង។ស្តារសំរាមក្នុងប្រឡាយ និងពង្រីកប្រឡាយទឹកឱ្យមានមុខធំទូលាយ ដើម្បីឱ្យទឹកហូរលឿន ចៀសវាងកុំឱ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋ ពេលភ្លៀងខ្លាំងបង្អុរចុះមកម្តងៗ។

-ជីកប្រឡាយធំ រំដោះទឹកចេញពីស្ទឹងព្រែកត្នោត ចាក់ទៅទន្លេបាសាក់ ដើម្បីបញ្ចៀសទឹកជន់ហូរលិចនៅភាគខាងត្បូងភ្នំពេញ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ ក្រៅពីនេះ ខ្ញុំនឹងសហការជាមួយក្រសួងធនធានទឹកនិងអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរៀបចំបារាយស្តុកទឹកនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ និងដាំដើមឈើឡើងវិញតាមទីជំរាល ដើម្បីទប់កុំឱ្យទឹកហូរលឿនពេក ចាក់មកស្ទឹងព្រែកត្នោតខាងក្រោម ពេលរដូវភ្លៀវខ្លាំង។ខ្ញុំនឹងឱ្យក្រុមការងារជំនាញសិក្សាជីកប្រឡាយធំ២ខ្សែក្នុងទីក្រុងភ្នំពេញ ភ្ជាប់ទៅទន្លេសាបនិងទន្លេបាសាក់ ដើម្បីជួយរំដោះទឹកភ្លៀង និងប្រើប្រាស់ជាផ្លូវធ្វើដំណើរតាមទូកកាណូត ជួយសម្រួលចរាចរណ៍ក្នុងទីក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here