ភ្នំពេញ៖ មន្ត្រីក.ប.ប. ប្រចាំខេត្តតាកែវ និងខេត្តបន្ទាយមានជ័យបានប្រើប្រាស់នូវរថយន្តពិសោធន៍ចល័តនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្ដាផ្សារដែលស្ថិតក្នុងភូមសាស្ត្រនៃខេត្តទាំងពីរនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោយពីបានវិភាគគុណភាពទំនិញតាមរយៈរថយន្តពិសោធន៍ចល័តរួចមក មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ១៣៨.២២គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១០លីត្រផងដែរ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រី ក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះយកមករក្សាទុក និងធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញ ព្រមទាំងបានណែនាំដល់ពួកឱ្យបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាពជូនប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា រថយន្តពិសោធន៍ចល័តចំនួន ៥គ្រឿងនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានប្រគល់ជូនទៅដល់សាខា ក.ប.ប. នៅតាមបណ្ដាខេត្តគោលដៅកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីតាមបណ្ដាខេត្តទៅលើការវិភាគគុណភាពទំនិញឱ្យបានកាន់តែសុក្រឹតដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ៕