វ៉ៃខ្នោះជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន គ្រឿងញៀន ១៦៧គីឡូក្រាម ឆ្លងដែនចូលមកកម្ពុជា

0
7

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដា ម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំង បទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ គោលដៅទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ។

ជាលទ្ធផល៖ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 ។

វត្ថុតាងចាប់យករួមមាន៖
១.អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g
២.អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g
៣.អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g
៤.អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g
៥.នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g
៦.មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g
៧.កេតាមីន (Ketamine) 2,320g
សរុបរួម ១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម និងចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here