អ្នកប្រើប្រាស់គួរតែ ប្រុងប្រយ័ត្នជាមួយ នឹងមុខងារតាមដាន Tracking និងមុខងារទីតាំង របស់ទូរសព្ទវៃឆ្លាត

0
7

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ការទាញយកនិងលក់ទិន្នន័យ ទីតាំងរបស់អ្នកប្រើប្រាស់​ គឺជាពាណិជ្ជកម្មដ៏ធំមួយ ដែលក្រុមហ៊ុនអាចរកចំណូល បានដល់ទៅរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះ ទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពី អាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។

ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការ ប្រុងប្រយ័ត្នជាមួយនឹងមុខងារ តាមដានទីតាំងរបស់ទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែ ព្យាយាមទាញយកទីតាំង និងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់ បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំង របស់អ្នកប្រើប្រាស់ទោះបីជា ពួកគេបានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារ សម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់ អាចចូលទៅបិទមុខងារនេះបាន។

ទោះបីជាទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ពុំមានការតាមបានច្រើនក្ដី លោកអ្នកគួរតែបិទមុខងារតាមដាន ដោយចូលទៅក្នុង Settings> Privacy> Tracking ដើម្បីការពារទិន្នន័យឯកជនភាព។ ជាងនេះទៅទៀតលោកអ្នកអាច បិទមុខងារតាមដានទីតាំងប្រសិន បើលោកអ្នកពុំចាំបាច់ត្រូវការប្រើប្រាស់ ឬកំណត់ឱ្យមានការតាមដាន តែក្នុងពេលដែលប្រើកម្មវិធីនោះ ដោយចូលទៅក្នុង Settings> Privacy> Location Sevices ៕

LEAVE A REPLY

Please enter your comment!
Please enter your name here