សម្ដេចតេជោអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង ក្នុងរដូវរងារ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវ ដល់សមាជិកគ្រួសារនិងអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹងក្នុងរដូវរងារ ព្រោះរដូវនេះតែងតែនាំមកនូវជំងឺផ្សេងៗ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា រដូវភ្លៀងនៅកម្ពុជាជិត បញ្ចប់ ជំនួសដោយរដូវត្រជាក់ ឬរដូវរងារ ដូច្នេះប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ក្នុងកាលៈទេសៈ កម្ពុជាមិនទាន់បញ្ចប់ជំងឺកូវីដ-១៩ ព្រោះនៅពេលរដូវរងារ ជំងឺឆ្លងផ្សេងៗ តែងតែមានកើតឡើង ។

សម្ដេចបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ។ មានន័យថា មនុស្សចាស់ដែលពុំមានកូនចៅនៅជិត ត្រូវផ្តល់នូវសម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ នៅក្នុងកាលៈទេសៈ ដែលត្រូវឆ្លងកាត់ក្នុងដំណាក់កាលនៃរដូវរងារនេះ។ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើ អ្នកដែលពុំមានទីពឹង ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសកូវីដ-១៩ តែម្ដង”។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ចៅអធិការវត្ត ត្រូវយកចិត្តទុកដាក់ ចំពោះយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាមនានា ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈនៃការផ្តល់ជាភួយ ជាមុង សូម្បីព្រះសង្ឃមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ពួកគាត់ដែរ ។

សម្ដេចតេជោបញ្ជាក់ទៀតថា «រដូវរងារតែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ នៅក្នុងពេលកំពុងកើតមាន ជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លង នៃជំងឺកូវីដ១៩ ពិតប្រាកដ ដូច្នេះជារួមសារមួយនេះ ខ្ញុំសំដោអំពាវនាវជូន ចំពោះប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ការពារសុខភាព ក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង នៅក្នុងដំណាក់កាលនៃប្រទេស របស់យើងពុំទាន់បញ្ចប់កូវីដ-១៩ ។ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នា មានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុង ដំណាក់កាល ដែលនឹងមកដល់ពេលខ្លីខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here