ភ្នំពេញ៖ លោកស្រី BOURHIS Ophélie នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា បើសិនបើមានការគាំទ្រពីរដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ។
ក្នុងជំនួបជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២១ លោកស្រី BOURHIS Ophélie បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលខិតខំប្រឹងប្រែងអភិរក្សបឹងទន្លេសាប ដែលជាបឹងដ៏ធំមួយ សំបូរទៅដោយមច្ឆាជាតិជាច្រើន និងបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកស្រីបានបន្តទៀតថា ចំពោះគម្រោងដែលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ កំពុងដំណើរការនាពេលនេះ គឺផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង ។
លោកស្រី បញ្ជាក់ថា “បើសិនបើមានការគាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំដែលទឹកស្ទឹងសង្កែ ឡើងដល់កម្រិតខ្ពស់ ដើម្បីកាត់បន្ថយបញ្ហាទឹកលិចក្នុងក្រុងបាត់ដំបង”។
ក្នុងឳកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ដែលបង្កឲ្យការបង្កបង្កើនផលដំណាំកសិកម្មក្នុងខេត្ត បានលទ្ធផលល្អ ហើយជាពិសេស ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន នឹងជិតសម្រេចបានទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដែលអាចធ្វើការទប់ទឹកស្ទឹងសង្កែបានទៅតាមកម្រិតកម្ពស់ដែលយើងចង់បាន ដែលនឹងជួយបង្កើនសោភ័ណភាពស្ទឹងសង្កែ និងសោភ័ណភាពក្រុងបាត់ដំបងឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត និងតំបន់ទេសចរណ៍ មានអគារបុរាណ ដែលក្បាច់រចនាស្រស់ស្អាត និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕