អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ

0
10

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអាជ្ញាធរទាំងអស់ ដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេ ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។

លោកបានជំរុញបែបនេះ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់ អាវុធចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ចំពោះចំណាត់ការ នៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេ នាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរ ពីអន្តរជាតិផងដែរ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ”។

លោកបន្តថា អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង បន្ថែមថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវ ភាពជោគជ័យនេះគឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដូច្នេះ បន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេ មានសណ្តាប់ធ្នាប់របៀបរៀប និងមានបរិស្ថានល្អប្រសើរ៕

May be an image of 3 people, people standing and people sitting

LEAVE A REPLY

Please enter your comment!
Please enter your name here