ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស គាំទ្រកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត។
សម្ដេចបានប្រកាសបែបនេះក្នុងពេល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុប ប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោបញ្ជាក់ថា “ខ្ញុំប្រកាសតែម្តង គឺគាំទ្រហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។កូនអ្នកដទៃធ្វើបាន រឿងអីកូនហ៊ុន សែន ធ្វើមិនបាន”។
សម្តេចថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រ ពីសម្តេចជាឪពុកតែម្តង៕